By SOKEA, Sources : khmerbuzz24
ទីតាំងកែច្នៃសំណល់ប្រេងឆានាំចេញ១កន្លែង ត្រូវបានសមត្ថកិច្ចកាំកុងត្រូលធ្វើការបង្ក្រាប និង សម្រេចឱ្យផ្អាកដំណើរការជាបណ្តោះអាសន្ន បន្ទាប់ពីមន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ រកឃើញភាពមិនប្រក្រតី ។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការសហការពីព្រះរាជអាជ្ញារង និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងកែច្នៃសំណល់ប្រេងឆានាំចេញ ១ កន្លែងនេះ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៦៩ សង្កាត់ផ្សារចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការនេះ មន្រ្តីជំនាញបានសង្កេតឃើញថា ទីតាំងកែច្នៃសំណល់ប្រេងឆានោះពុំមានច្បាប់អាជីវកម្មអនុញ្ញាតត្រឹមត្រូវឡើយ ហើយក្នុងចំណោមផលិតផលទាំងអស់មានផលិតផលចំនួន ២មុខ ជាទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលមានចំនួនស្មើនឹង៣៥ កេស។
ក្រោយពីការត្រួតពិនិត្យ ព្រះរាជអាជ្ញារងបានសម្រេចផ្អាកទីតាំងកែច្នៃបណ្តោះអាសន្ន និងបានដកហូតទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទទាំងអស់នេះយកទៅរក្សាទុកដើម្បីធ្វើការបំផ្លាញចោលទៅតាមនិតិវីធី ។ ហើយអញ្ជើញតំណាងទីតាំងទៅធ្វើកិច្ចសន្យានៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និង ធ្វើច្បាប់ឱ្យបានត្រឹមត្រូវឡើងវិញ។ ព្រមទាំងយកគំរូមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលផងដែរ ។ នេះបើយោងតាមអគ្គនាយកដ្ឋានកាំកុងត្រូល ។
0 Comments