លោក នួន ជា បងធំ​ទី​២ ​ក្នុង​សម័យ​ខ្មែរក្រហម​​ស្លាប់​​​ក្នុង​វ័យ ​៩៣​ឆ្នាំ

លោក នួន ជា បងធំ​ទី​២ ​ក្នុង​សម័យ​ខ្មែរក្រហម​​ស្លាប់​​​ក្នុង​វ័យ ​៩៣​ឆ្នាំ

ជន​ជាប់​ចោទ នួន ជា អតីត​ប្រធាន​រដ្ឋ​សភា និង​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​នៃ​​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of ECCC

ជន​ជាប់​ចោទ នួន ជា អតីត​ប្រធាន​រដ្ឋ​សភា និង​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​នៃ​​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of ECCC
លោក នួន ជា ប្រធាន​រដ្ឋសភា​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ជា​បង​ធំ​ទី២ បាន​ទទួល​មរណភាព​នៅ​ល្ងាច​ថ្ងៃ​ទី៤ ខែ​សីហា ក្នុងវ័យ ៩៣ឆ្នាំ នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ក្រោយ​ឈឺ​រ៉ាំរ៉ៃ​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម។ អ្នក​ធ្វើ​ការងារ​ទាក់ទង​ប្រវត្តិសាស្ត្រ​​នៃ​របប​ប្រល័យ​ពូជសាសន៍​យល់​ថា មរណភាព​មេ​ដឹក​នាំ​ជាន់​ខ្ពស់​របប​ខ្មែរ​ក្រហម​រូប​នេះ ជា​បាបកម្ម​ច្រើន​ជាង​ភាព​វ័យ​ជរា៖ «»
អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត ភក្ត្រា បាន​ឲ្យ​អាស៊ី​សេរី​ដឹង​ថា ពេល​នេះ​សព​លោក នួន ជា កំពុង​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​បណ្ដោះអាសន្ន​សិន ដើម្បី​ឲ្យ​សហ​ព្រះរាជ​អាជ្ញា នៃ​សាលាក្ដី​ខ្មែរ​ក្រហម​រៀបចំ​ធ្វើ​កោសល្យវិច័យ។ លោក នេត ភក្ត្រា បញ្ជាក់​ថា  លោក នួន ជា ត្រូវ​បាន​ដឹក​ចេញ​ពី​មន្ទីរ​ឃុំឃាំង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​តាំង​ថ្ងៃ​ទី២ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​លោក​ស្លាប់។ លោក ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ក្រុម​ជំនាញ​ពិនិត្យ​ចប់​សព្វគ្រប់​ នឹង​ប្រគល់​សព​លោក នួន ជា ទៅ​គ្រួសារ​សាច់​ញាតិ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី៖ «»
ទាក់ទង​មូលហេតុ​នៃ​ការ​ស្លាប់​នេះ លោក នេត ភក្ត្រា ថា លោក​មិន​អាច​ប្រាប់​ជា​សាធារណៈ​បាន​ទេ​ព្រោះ​ជា​រឿង​សម្ងាត់​របស់​បុគ្គល ដែល​ត្រូវ​បាន​ច្បាប់​ការពារ។ ប៉ុន្តែ​មុន​ការ​ស្លាប់​បង​ធំ​ទី២ នៃ​របប​ខ្មែរ​ក្រហម​រូប​នេះ សារព័ត៌មាន​ក្នុងស្រុក បាន​ចុះ​ផ្សាយ​ថា លោក​មាន​ជំងឺ​ទឹក​នោម​ផ្អែក​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​កាត់​ជើង​ចេញ ដើម្បី​សង្គ្រោះ​ជីវិត។
ទាក់ទង​ការ​ធ្វើ​បុណ្យ​សព​ជូន​លោក នួន ជា វិញ អាស៊ី​សេរី​បាន​សុំ​ការ​បំភ្លឺ​ពី​កូន​ស្រី លោក នួន គឺ​លោកស្រី លី ប៊ុនធឿន ប៉ុន្តែ​លោក​ស្រី​ប្រាប់​ថា កំពុង​រវល់​មិន​អាច​ផ្ដល់​សម្ភាស​បាន​ទេ​ក្នុង​ពេល​នេះ៖ «»។
លោក នួន ជា ត្រូវ​បាន​សាលាក្ដី​ខ្មែរក្រហម​សម្រេច​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្នុង​សំណុំ​រឿង​០០២ ដែល​សំណុំរឿង​វគ្គ​ទី២ នៃ​សំណុំរឿង​នេះ មិន​ទាន់​ចប់​ជាស្ថាពរ​នៅ​ឡើយ។
លោក នួន ជា មាន​ឈ្មោះ​កំណើត ឡុង ប៊ុនរួត កើត​ថ្ងៃ​ទី៧ ខែ​កក្កដា ១៩២៦ នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ លោក​មាន​ម្ដាយ​ជា​ខ្មែរ​សុទ្ធ ចំណែក​ឪពុក​ជា​ខ្មែរ​ជាប់​សែស្រឡាយ​ចិន។ ​
លោក នួន ជា បាន​សិក្សា​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ធម្មសាត (ស្មើ​នឹង​ពាក្យ​ខ្មែរ​ថា ធម្មសាស្ត្រ=នីតិសាស្ត្រ) ដែល​មាន​កេរ្តិ៍​ឈ្មោះ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ហើយ​នៅ​ទី​នោះ គាត់​បាន​ចូលរួម​ជាមួយ​បក្ស​កុម្មុយនិស្ត​ថៃ។
នៅ​ឆ្នាំ១៩៦០ គាត់​ត្រូវ​បាន​តែងតាំង​ជា​អគ្គលេខាបក្ស​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា ហើយ​គាត់​ស្ថិត​នៅ​ក្នុង​តំណែង​ទាំង​ពីរ​នេះ​ពេញ​មួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ គាត់​រស់​នៅ​ជាមួយ​ខ្មែរក្រហម​រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​គ្នា​មួយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ខែ​ធ្នូ ឆ្នាំ១៩៩៨ ដែល​អនុញ្ញាត​ឲ្យ​គាត់​មក​រស់នៅ​ក្បែរ​ព្រំដែន​ថៃ។
លោក នួន ជា ថា ធ្លាប់​ប្រាប់​តុលាការ​ថា ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​មិន​មែន​ជា​ជម្លោះ​រវៀង​ខ្មែរ និង​ខ្មែរ​ទេ ប៉ុន្តែ​ជា​ការ​​បង្គាប់​បញ្ជា និង​ដឹក​នាំ​ពី​វៀតណាម​ទាំង​អស់៖ «»។
ទោះ​ជា​យ៉ាង​ណា នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ យល់​ថា មនុស្ស​ដែល​ធ្វើ​អំពើ​អាក្រក់​ ទោះបី​ខំ​គេចវេះ​ពី​ប្រព័ន្ធ​ច្បាប់​យ៉ាង​ណា​ក្តី ក៏​មិន​អាច​គេច​ផុត​ពី​ទណ្ឌកម្ម​ធម្មជាតិ​បាន​ទេ គឺ​យមរាជ​នៅ​តែ​តាម​យក​ជីវិត​ទាល់​តែ​បាន។ លោក​យល់​ថា នួន​ ជា ជា​មនុស្ស​ល្មោភ​អំណាច ហ៊ាន​កាប់​សម្លាប់​ជីវិត​ប្រជាជន​ខ្លួន ដើម្បី​ការពារ​អំណាច ប៉ុន្តែ​មិន​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត៖ «»
អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​រូប​នេះ សង្កេត​ឃើញ​ថា លោក នួន ជា​មនុស្ស​ក្រអឺតក្រទម និង​លាក់​បាំង​ការ​ពិត​ដោយ​លោក​ព្យាយាម​និយាយ​តែ​អ្វី ដែល​គេ​បញ្ជា​ឲ្យ​ធ្វើ ប៉ុន្តែ​លោក​មិន​បាន​និយាយ​អ្វី ដែល​លោក​ប្រព្រឹត្ត​ក្នុង​ពេល​លោក​ដឹក​នាំ​នោះ​ទេ។ លោក ឆាំង យុ អះអាង​ថា តាម​អ្វី​ដែល​លោក​បាន​ស្រាវជ្រាវ គឺ​លោក នួន ជា ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​វៀតណាម បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​វៀតណាម ក្នុង​ឆ្នាំ១៩៥៣ ប៉ុន្តែ​លោក នួន ជា មិន​ដែល​និយាយ​ពី​រឿង​នេះ​ទេ៖ «»
អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) ឬ​សាលាក្ដី​​ខ្មែរ​ក្រហម រក​ឃើញ​​ពិរុទ្ធភាព​របស់​ជន​ជាប់​ចោទ នួន ជា ក្នុង​សំណុំ​រឿង ០០២ ដែល​ចែក​ចេញ​ជា​ពីរ​វគ្គ ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ (Geneva) ដែល​បាន​ប្រព្រឹត្តិ​នៅ​លើ​ទឹក​ដី​កម្ពុជា ​ចន្លោះ​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ១៩៧៩ ហើយ​វគ្គ​ទី១ បាន​បញ្ចប់​ជា​ស្ថាពរ​ទៅ​ហើយ ដែល​លោក​ត្រូវ​បាន​ផ្ដន្ទាទោស​ជាប់​គុក​អស់​មួយ​ជីវិត។

សំណុំ​រឿង ០០២ ឥឡូវនេះ នៅ​សល់​តែ​ជន​ជាប់​ចោទ​មួយ​រូប​ទៀត​ប៉ុណ្ណោះ គឺ​លោក ខៀវ សំផន ដែល​ជា​អតីត​ប្រធាន​រដ្ឋ ឬ​ប្រធានាធិបតី នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម៕
By SOKEA, Sourse: អាស៊ីសេរី (RFA)

Post a Comment

0 Comments