បើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញកាលពីខែមីនា ឆ្នាំ២០១៩ បញ្ជាក់ថា ក្នុងឆ្នាំ២០១៨ ក្រសួងបានផ្តល់បណ្ណ និងសៀវភៅការងារដល់ជនបរទេសចំនួន១៣៥,២០១នាក់។
ភ្នំពេញ —
ក្រសួងការងារកម្ពុជាបានចេញប្រកាសនៅថ្ងៃពុធនេះ ដោយដាក់កំហិតមិនឲ្យជនបរទេសធ្វើការ និងប្រកបមុខរបរចំនួន១០ប្រភេទនៅកម្ពុជា។ មន្ត្រីផ្លូវការអះអាងថា ប្រកាសនេះធ្វើឡើងដើម្បីការពារទីផ្សារការងារដល់ប្រជាពលរដ្ឋកម្ពុជា។
មុខរបរដែលស្ថិតក្នុងបំរាមទាំងអស់នោះរួមមានការលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ ម៉ាស្សា និងចាប់សសៃតាមសាធារណៈ កាត់សក់ អ៊ុតសក់ ថែរក្សាសម្ផស្ស ប៉ះកង់ ជួសជុលយានយន្ត កាត់ដេរ សេវាកម្មដេរ និងសម្អាតស្បែកជើង ផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ ផលិតឧបករណ៍ភ្លេងខ្មែរ ផលិតបាត្រលោក ព្រះពុទ្ធរូប និងជាងទង និងជាងច្នៃត្បូងពេជ្រ។ នេះបើតាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ។
សេចក្តីប្រកាសដដែលបានសង្កត់ធ្ងន់ថា «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងមិនផ្តល់ឬមិនបន្តសុពលភាពបណ្ណ/សៀវភៅការងារដល់ជនបរទេសដែលកំពុងប្រកបមុខរបរ និងការងារ»ដូចបានកំណត់ខាងលើនោះទេ។ ហើយជនណាដែលប្រព្រឹត្តផ្ទុយនឹងបទបញ្ញត្តិនៃប្រកាសនេះ នឹងត្រូវធ្វើការពិន័យជាប្រាក់ និងផ្តន្ទាទោសតាមបទប្បបញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបទបញ្ញត្តិជាធរមាន។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិចតេលេក្រាមថា ប្រកាសនេះនឹងផ្ដល់ការការពារទីផ្សារការងារដល់ប្រជាពលរដ្ឋកម្ពុជា។
លោកសរសេរតាមន័យដើមថា៖ «សកម្មភាពស្វ័យនិយោជន៍ (មុខរបរ ឬការងារដែលរកចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល) ដែលយើងបានហាមនេះ គឺជាមុខរបរ និងការងារសាមញ្ញដែលនៅមានប្រជាពលរដ្ឋកម្ពុជាចង់ធ្វើ និងអាចធ្វើបាន ហើយសកម្មភាពមួយចំនួនគឺពាក់ព័ន្ធជាមួយនឹងប្រពៃណី សាសនា និងអត្តសញ្ញាណជាតិខ្មែរយើង»។
បើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញកាលពីខែមីនា ឆ្នាំ២០១៩ បញ្ជាក់ថា ក្នុងឆ្នាំ២០១៨ ក្រសួងបានផ្តល់បណ្ណ និងសៀវភៅការងារដល់ជនបរទេសចំនួន១៣៥,២០១នាក់។
លោក មឿន តុលា នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ឬហៅថា Central បានសារទរចំពោះការប្រកាសនេះ។ លោកប្រាប់ VOA ថា កន្លងមកលោកសង្កេតឃើញថា ជនបរទេសមួយចំនួនដែលភាគច្រើនជាជនជាតិចិន និងវៀតណាម បាននិងកំពុងប្រកបមុខរបរ និងធ្វើការងារតូចតាចជាច្រើនដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋខ្មែរ។
«វត្តមានរបស់ជនជាតិ [ជនបរទេស] ទាំងអស់ហ្នឹង គឺវាអត់អាចជួយទៅដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់ជនជាតិដើម [ខ្មែរ] ទេ។ ចុងបញ្ចប់គឺជនជាតិទាំងអស់ហ្នឹងមកក្នុងស្រុកខ្មែរយើង ហើយវេចលុយពីស្រុកខ្មែរត្រឡប់ទៅប្រទេសគេវិញ គឺគេអត់បានចាយទៅលើជនជាតិនៅប្រទេសហ្នឹងទេ»។
ទោះយ៉ាងណាលោក មឿន តុលា ថា លោកនឹងរងចាំមើលពីប្រសិទ្ធភាពនៃចំណាត់ការរបស់រដ្ឋាភិបាលលើករណីនេះ៕
0 Comments